Home ពត៌មាន គ្មានករណីឆ្លងកូវីដនៅពន្ធនាគារខេត្តព្រះវិហារនោះទេ​ គ្រាន់តែជាការឆ្លងផ្តាសាយធំ

គ្មានករណីឆ្លងកូវីដនៅពន្ធនាគារខេត្តព្រះវិហារនោះទេ​ គ្រាន់តែជាការឆ្លងផ្តាសាយធំ

30
0

ព្រះវិហារ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រកាសពីករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) ដែលបានកើតឡើង លើអ្នកជាប់ឃុំឃាំងជាច្រើននាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ពាក់ព័ន្ធករណីនេះថា ព្រឹកវេលាម៉ោង០៧៖១៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារ ខេត្តព្រះវិហារ។

លោកស្រីបន្តថា ភ្លាមៗនោះក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាល របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណៈបច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថា ឆ្លងជំងឺត្រូវបានធ្វើការបែងចែកចេញគ្នា៖

១៖ អ្នកជំងឺចំនួន១៤៧នាក់ (ស្រ្តី១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩

២៖ អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។

៣៖ អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។

លោកស្រី វណ្ណឌីន បញ្ជាក់ទៀតថា «នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏បានធ្វើការអប់រំសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធនាគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត»។

លោកស្រីបន្ថែមថា បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដាន ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។

ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការការពារ កុំឲ្យមានការចម្លងជំងឺកូវីដ-១៩ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឬឆ្លងនៅក្នុងក្រុមគ្រួសារ ឬនៅក្នុងក្រុមមនុស្សណាមួយផងដែរ៕

ប្រភព៖​ Freshnews