Home ពត៌មាន ព័ត៌មានក្នុងស្រុក អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសឧបត្ថម្ភកងកម្លាំងក្រោយវែកមុខនិងចាប់បានឃាតុករ

អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសឧបត្ថម្ភកងកម្លាំងក្រោយវែកមុខនិងចាប់បានឃាតុករ

54
0

រាជធានីភ្នំពេញ៖ ក្រោយប្រតិបត្តិការចេញមួយយប់ ទីបំផុតនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចម្សិលមិញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅខណ្ឌព្រែកព្នៅ។ ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល​ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតខេត្តឧត្ដរមានជ័យ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ដោយធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ, កម្លាំងនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលខណ្ឌព្រែកព្នៅ , កម្លាំងនគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីចាត់ការបន្ដតាមនីតិវិធី។

នៅក្នុងប្រតិបត្តិការនោះផងដែរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសឧបត្ថម្ភថវិកាមួយចំនួនដល់សមត្ថកិច្ច ដែលខិតខំប្រឹងប្រែងបំពេញការងារវែកមុខរកជនសង្ស័យឃើញ។ លោក ហែម ដារិទ្ធិ បានឲ្យដឹងនៅលើគណនីហ្វេសប៊ុកថា “ខ្ញុំបាទសូមឧបត្ថម្ភដល់កងកម្លាំងដែលចាប់បានជនល្មើសជាថវិកាចំនួន១លានរៀល ដោយសេចក្តីគោរពនិងកោតសរសើរអស់ពីដួងចិត្ត ហើយក៍សូមអរគុណដល់គ្រប់សមត្ថកិច្ចនិងអ្នកសារព័ត៌មានទាំងអស់ដែលបានសហការរហូតទទួលបានជោគជ័យ”៕