Home ពត៌មាន ព័ត៌មានក្នុងស្រុក ថ្ងៃនេះពូឌុច អតីតមេគុកទួលស្លែងទទួលមរណៈភាពហើយ

ថ្ងៃនេះពូឌុច អតីតមេគុកទួលស្លែងទទួលមរណៈភាពហើយ

20
0

រាជធានីភ្នំពេញ៖ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង១២ និង៥១នាទី រំលងអាធ្រាត្រ ឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ទោះបីក្រុមគ្រូពេទ្យ ខំព្យាយាមព្យាបាលយ៉ាងណាក្តី ក៏មិនអាចជួយសង្គ្រោះជីវិតអតីតមេគុកក្នុងរបបពិឃាតរូបនេះបានឡើយ។

សូមបញ្ជាក់ថា ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំនិងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕

ប្រភព៖ KBN news