យោងតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងរយៈពេល ០៨ខែ ឆ្នាំ២០២០ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវជាតិ និងអន្តរជាតិ រកចំណូលបានជាង ១៨ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ គឺបានធ្លាក់ចុះរហូតដល់ ៧៣.៦១% ។

ចំពោះបញ្ហានៃការធ្លាក់ចុះនេះដែរ គឺបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ហើយប្រទេសជាច្រើននៅលើពិភពលោកក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន (បិទការចេញ-ចូលឆ្លងប្រទេស) ក្នុងនោះរួមមានដូចជា សហរដ្ឋអាមេរិក អ៊ីតាលី អង់គ្លេស ថៃ វៀតណាម រួមទាំងកម្ពុជាយើងផងដែរ។
យ៉ាងណាមិញ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភប្រាក់ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ០៨ខែ ក្នុងឆាំ២០២០នេះ មានចំនួន ៧៨៦,៥៨៦ ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ករណីឆ្លជំងឺកូវីដ១៩ នៅទូទាំងកម្ពុជាបានកើនឡើងដល់ចំនួន ២៧៤ (ស្រី ៥៤ នាក់ និងប្រុស ២២០ នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៦៦នាក់ និងមនុស្សចំនួន ០៨ នាក់ ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពចាក់អង្រែ ០៧ នាក់ និងនៅមន្ទីរពេទ្យរុស្ស៊ី ០១ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលកម្ពុជា៕
ប្រភព៖ Business Cambodia