ភ្នំពេញ ៖ ស្ត្រីម្នាក់បានដាច់ខ្យល់ក្នុងថ្លុកឈាមស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ផ្សេងទៀតរបួសធ្ងន់ នៅក្នុង បុរី លឹម ឈាងហាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗនៅមន្ទីរពេទ្យ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ១៧ និង២៥នាទី ល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ។ ករណីខាងលើនេះសង្ស័យបុរសចាក់សម្លាប់នារីរងគ្រោះ រួចអារកខ្លួនឯងសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងធ្វើការហ៊ុមព័ទ្ធស្រាវជ្រាវធ្វើកំណត់ហេតុ និងស៊ើបសួរសាក្សីនានា។ ប៉ុន្តែនៅកន្លែងកើតហេតុនោះ គឺមានតុ កៅអី ស្រាបៀរខ្លះផងដែរ ដែលអ្នកឃើញហេតុសន្និដ្ឋានជំហានដំបូង អាចទំនាស់គ្នាក្នុងវង្សផឹកស៊ី ទើបឈានដល់ការចាក់សម្លាប់គ្នាបែបនេះ៕

ប្រភព៖ កម្ពុជាថ្មី