Home ពត៌មាន ព័ត៌មានក្រៅស្រុក សហភាពអឺរ៉ុប និងបារាំងសម្តែងការមិនពេញចិត្តខ្លាំងនឹងអាមេរិករឿងមួយនេះ

សហភាពអឺរ៉ុប និងបារាំងសម្តែងការមិនពេញចិត្តខ្លាំងនឹងអាមេរិករឿងមួយនេះ

43
0

ថ្មីៗនេះសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺព្រះរាជអាជ្ញាអ្នកស្រី Fatou Bensouda និងលោក Phakiso Mochochoko ប្រធានផ្នែកយុត្តាធិការភាពយុត្តិធម៍ និងសហប្រតិបត្តិការនៃ ICC ដោយសារតែតុលាការអន្តរជាតិមួយនេះ បានបន្ដផ្តោតគោលដៅលើជនជាតិអាមេរិក។ ក្នុងនោះអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថា ការទណ្ឌកម្មប្រឆាំងនឹងមន្រ្តី ICC ចំនួនពីររូបនេះ គឺមិនអាចទទួលយកបាននិងមិនធ្លាប់មានពីមុនមកទេ ហើយអាមេរិកគួរតែផ្លាសប្ដូរការសម្រេចនេះវិញ ខណៈរដ្ឋមន្រ្តីការបរទេសបារាំងបានហៅវាថាជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរ»។

លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់គោលនយោបាយការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មនេះគឺជា វិធានការមិនអាចទទួលយកបាន និងមិនធ្លាប់មានពីមុនមក ដែលព្យាយាមរារាំងការស៊ើបអង្កេត និងនីតិវិធីតុលាការ ហើយថាសហរដ្ឋអាមេរិកគួរតែ «ពិចារណាឡើងវិញនូវជំហររបស់ខ្លួន និងបញ្ច្រាសវិធានការដែលខ្លួនបានដាក់»។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Jean-Yves Le Drian បានថ្កោលទោសការដាក់ទណ្ឌកម្មនេះថាជា « ការវាយប្រហារយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងតុលាការ» ដោយនិយាយថា វាធ្វើឱ្យមានបញ្ហាពហុភាគីនិយម និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ៕

ប្រភព៖ខ្មែរណូត