អ៊ុយក្រែន៖ ថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់ មិនបញ្ចេញឈ្មោះ អាយុ២៩ឆ្នាំ បានដាក់កូនប្រុសរបស់ខ្លួនដែលទើបនឹងកើតបាន១សប្ដាហ៍ប៉ុណ្ណោះ ចូលទៅក្នុងកាបូបយួរ។
យោងតាមសម្ដីរបស់សាក្សីម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖
ដំបូងឡើយ ខ្ញុំបានឃើញស្ត្រីជាម្ដាយ កំពុងដើរតាមផ្លូវ និងស្រែកច្រៀងបំពេរទៅកាន់កាបូបយួរដៃរបស់នាង ដោយសកម្មភាពប្លែកៗ។ បន្ដិចក្រោយមក ខ្ញុំបានឮសូរសំឡេងក្មេងយំ ដែលសំឡេងចេញពីកាបូបយួរដៃផ្ទាល់តែម្ដង។ ហើយភ្លាមៗនោះ ខ្ញុំបានចូលទៅក្បែរនាង និងសុំពិនិត្យកាបូបយួរដៃ តែនាងមិនអនុញ្ញាតឡើយ ទើបខ្ញុំសម្រេចចិត្តទំនាក់ទំនងទៅកាន់ប៉ូលិស។សម្ដីរបស់សាក្សី
យ៉ាងណាមិញ ប៉ូលិសក៏បានចុះទៅដល់ទីតាំងកើតហេតុ និងយកទារកដាក់ចូលទៅក្នុងរថយន្ដប៉ូលិសសិន ហើយក៏ទាក់ទងទៅកាន់រថយន្ដសង្គ្រោះបន្ទាន់។ ចំពោះអាកាសធាតុក្នុងថ្ងៃនោះដែរ មានកម្ដៅរហូតដល់ទៅ៣០អង្សាសេឯណោះ។
ទន្ទឹមនឹងនេះ ប៉ូលិសម្នាក់បានឲ្យដឹងទៀតថា ស្ត្រីជាម្ដាយមានអាកប្បកិរិយាមិនសមរម្យឡើយមកលើប៉ូលិស ហើយនៅពេលដែលជួយសង្គ្រោះទារកចេញពីកាបូបយួរ នាងបាននិយាយថា «កុំប៉ះពាល់គេ គេនៅរស់ទេ គេមិនអីទេ»។ ចំពោះមូលហេតុនៃការដាក់ទារកចូលទៅក្នុងកាបូបយួរដៃនេះ គឺមកពីនាងមិនមានរទេះរុញ ហើយរូបនាងផ្ទាល់បានផ្លាស់មករស់នៅក្នុងទីក្រុង Kyiv គឺដើម្បីស្វែងរកការងារធ្វើ និងសព្វថ្ងៃនេះមានកូនចំនួន៦នាក់។
បើទោះជាយ៉ាងណាក៏ដោយ ស្ត្រីជាម្ដាយ ប្រឈមមុខនឹងការផាកពិន័យសម្រាប់ការមិនបំពេញកាតព្វកិច្ចជាអាណាព្យាបាល។ ចំណែកឯកូនប្រុសរបស់នាងវិញ មិនមានបញ្ហាអ្វីកើតឡើងឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖




ប្រភព៖ខ្មែរឡុត