ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦១ នាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាធ្វើការជួបជុំផឹកស៊ីក្នុងក្លឹបរាត្រីដោយមិនបានរក្សាគំលាតសង្គម ដែលជាវិធានការដ៏ចាំបាច់បំផុតសម្រាប់ពលរដ្ឋគ្រប់រូបអនុវត្តក្នុងសម័យកាលជំងឺកូវីដ ១៩ ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅម៉ោង ១០ និង ៣០ នាទីយប់ ក្នុងក្លឹបរាត្រីមួយកន្លែងនៅក្នុងតំបន់ Damansara Utama រដ្ឋ Selangor ភាគខាលិចនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៥ កញ្ញា កន្លងទៅនេះ។

ប្រភពខាងលើបានបញ្ជាក់ថា ក្រុមពលរដ្ឋដែលត្រូវបានចាប់ខ្លួនទាំងអស់នោះមានអាយុចន្លោះពី ២០ ទៅដល់ ៤០ ឆ្នាំ ហើយក្នុងការចាប់ខ្លួននេះពួកគេក៏ត្រូវពិន័យជាប្រាក់ម្នាក់ៗចំនួន ១ ០០០ រីងហ្គីត (២៤១ ដុល្លារអាមេរិក) ផងដែរ។ សូមបញ្ជាក់ថា ម៉ាឡេស៊ីបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនណាដែលមិនព្រមអនុវត្តតាមវិធានការរបស់អាជ្ញាធរសុខាភិបាលដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ហើយនៅក្នុងតំបន់ខ្លះនៃប្រទេសម៉ាឡេស៊ីគ្រាន់តែពលរដ្ឋណាដែលមិនបានពាក់ម៉ាស់ពេលចេញទៅទីសាធារណៈក៏ត្រូវមានទោសផងដែរ៕
ប្រភព៖ខ្មែរណូត