Home ពត៌មាន ៣ថ្ងៃភ្ជុំបិណ្ឌ​ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​ ១៥នាក់​ និងរបួស​ ៦២នាក់

៣ថ្ងៃភ្ជុំបិណ្ឌ​ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​ ១៥នាក់​ និងរបួស​ ៦២នាក់

55
0

ភ្នំពេញ​៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣០​លើក បណ្តាល​ឲ្យ​ស្លាប់ ១៥​នាក់ និង​របួស ៦២​នាក់​។ ទាំង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង​ចំនួន​អ្នករបួស នៅ​ឆ្នាំនេះ បាន​ថយចុះ បើ​ធៀប​នឹង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំមុន​។​​របាយការណ៍ បង្ហាញថា ក្នុងចំណោម​អ្នកស្លាប់ ១៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃនេះ គឺមាន ១១​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ថ្មើរជើង ៣​នាក់ និង​អ្នកធ្វើដំណើរ​តាម​រថយន្ត​តូច ម្នាក់​។ មាន​អ្នករបួស និង​ស្លាប់ ដែល​ធ្វើដំណើរ​តាម​ម៉ូតូ ចំនួន ៣៨​នាក់ មិនបាន​ពាក់មួក​សុវត្ថិភាព​។​​រីឯ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បង្កឡើង​ច្រើនជាងគេ ដោយសារ​បើកបរ​លឿនៗ មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ និង​ស្រវឹង ជាដើម​។​​ក្នុង​របាយការណ៍ លើក​បង្ហាញថា នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា បានកើត​ឡើង ១១​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស ២៥​នាក់​។ ក្នុងនោះ អ្នកស្លាប់ ៥​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ថ្មើរជើង ២​នាក់ និង​រថយន្ត​តូច ម្នាក់​។ មូលហេតុ កើតឡើង​ច្រើនជាងគេ ដោយសារ​ល្បឿន មិន​ប្រកាន់​ស្តាំ ស្រវឹង និង​ងងុយ​។​​កាលពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​១ ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ១៧​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ និង​របួស ២៧​នាក់​។​​ដោយឡែក នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ១០​លើក បណ្តាល​ឲ្យ​ស្លាប់ ៦​នាក់ និង​របួស ២១​នាក់​។ ក្នុងនោះ ៥​នាក់ ដែល​ស្លាប់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​ម្នាក់ ជា​ថ្មើរជើង​។ មូលហេតុ កើតឡើង​ច្រើនជាងគេ ដោយសារ​ល្បឿន បើកបរ​មិន​គោរព​សិទ្ធ មិន​ប្រកាន់​ស្តាំ ប្រជែង​គ្រោះថ្នាក់ និង​បត់​មិន​ប្រយ័ត្ន​។​​កាលពី​ថ្ងៃ​ភ្ជុំបិណ្ឌ ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ២០​លើក បណ្តាល​ឲ្យ​ស្លាប់ ៩​នាក់ និង​របួស ៣២​នាក់​។ ​រីឯ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ៩​លើក បណ្តាល​ឲ្យ​ស្លាប់ ម្នាក់ និង​របួស ១៦​នាក់​។ ដោយឡែក កាលពី​ថ្ងៃ​បង្ហើយ​នៃ​ការឈប់​សម្រាក ៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ១៥​លើក ស្លាប់ ៩​នាក់ និង​របួស ២១​នាក់​។​សូម​រម្លឹកថា កាលពី​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣​ថ្ងៃ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង ៥២​លើក បណ្តាល​ឲ្យ​ស្លាប់ ២៦​នាក់ និង​របួស ៨០​នាក់​៕​

ប្រភព៖​ Swiftnews