Home ពត៌មាន រថយន្តដឹកជ្រូករ៉េចង្កូតធ្លាក់ពីស្ពាន

រថយន្តដឹកជ្រូករ៉េចង្កូតធ្លាក់ពីស្ពាន

190
0

ខេត្តបន្ទាយមានជ័យ ៖ រថយន្តប្រភេទធន់ធំ ដឹកជ្រូក១គ្រឿង បានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យធ្លាក់ផ្លូវស្លាប់មនុស្សម្នាក់ និង១២នាក់ទៀតរបួសស្រាល និងធ្ងន់ កាលពីវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់អ្នកយកព័ត៌មាន ថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម MA.8759 ដឹកសត្វជ្រូកបើកពីទិសខាងលិច ទៅខាងកើត មានអ្នករួមដំណើរចំនួន១៣នាក់ ។

លោកអធិការ បានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរ៉េចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែកក្បាលរថយន្ត បានធ្លាក់ទៅលើដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ និងចំនួន៦នាក់ បានរងរបួសធ្ងន់ ហើយ៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។ ចំណែកអ្នកបើកបរវិញ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពីកើតហេតុ នគរបាលជំនាញចរាចរណ៍ស្រុក បានរៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាល ដើម្បីរកម្ចាស់ និងអ្នកបើកចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលខាងមុខ៕

ប្រភព៖​ កម្ពុជាថ្មី