ស្ត្រីម្នាក់ បាត់ប្តី ខំដើររក ឆ្លងកាត់ប្រឡាយជីក ក៏រអិលជើង ដួលធ្លាក់ក្នុងទឹក ហូរកួចចូលអាងស្តុកទឹកក្រុមហ៊ុនអានកូ លិចបាត់ មិនអាចសង្គ្រោះបាន។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតំបន់ព្រៃក្បាលឆាយ ភូមិសាស្ត្រក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ក្រោយកើតហេតុជាច្រើនម៉ោង សាកសពស្ត្រីរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតទឹកមកទើរជាប់នឹងមែកឈើ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩កញ្ញា ចំណុចទំនប់ទឹក (ក្រុមហ៊ុនអានកូ)ក្បាលឆាយ ក្បែរកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមសាក្សី មុនពេលកើតហេតុគេបានឃើញស្ត្រី ឈ្មោះ សុខ សាលន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្បែរកន្លែងកើតហេតុ បានដើររប្តី ឆ្លងកាត់ប្រឡាយជីក។ ខណៈកំពុងតែដើរនោះ ស្រាប់តែគាត់រអិលជើងដួល ហើយធ្លាក់ចូលទឹកកំពុងហូរខ្លាំង កួចជនរងគ្រោះរសាត់ចូលក្នុងអាងស្តុកទឹកលិចបាត់រហូត។ នៅកន្លែងកើតហេតុ បន្ទាប់ពីប្រទះឃើញសាកសពភ្លាម គេឃើញកម្លាំងយោធាក្រុងជាច្រើននាក់ លើកសពដាក់អង្រឹង ហើយលីសែងយកទៅទុកនៅផ្ទះសព។
សមត្ថកិច្ច បានឲ្យបញ្ជាក់ថា តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ មិនជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ។ បច្ចុប្បន្ន សាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ កម្ពុជាថ្មី