ក្រុមមន្រ្តីបានប្រាប់បណ្តាញសារព័ត៌មានអាមេរិកថា កញ្ចប់មួយដែលមានផ្ទុកសារធាតុពុល Ricin ដែលចុះអាសយដ្ឋានទៅឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានស្ទាក់ចាប់មុនពេលទៅដល់សេតវិមាន។
ក្រុមមន្រ្តីបាននិយាយថា សំបុត្រនោះត្រូវបានរកឃើញនៅឯកន្លែងត្រួតពិនិត្យសំបុត្រសេតវិមានកាលពីដើមសប្តាហ៍នេះ។
ពួកគេនិយាយថា សារធាតុដែលគេរកឃើញនៅខាងក្នុងស្រោមសំបុត្រនោះត្រូវបានគេស្គាល់ថាជា Ricin ដែលជាសារធាតុពុលជាធម្មជាតិមាននៅក្នុងគ្រាប់ល្ហុងល្ញែរ។
ទន្ទឹមនេះ រដ្ឋបាលលោក Trump មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ។
FBI និងភ្នាក់ងារសម្ងាត់កំពុងស៊ើបអង្កេតថាតើកញ្ចប់នោះបានមកពីណាហើយថាតើមានកញ្ចប់ផ្សេងទៀតត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធប្រៃសណីយ៍សហរដ្ឋអាមេរិកដែរឬក៏អត់។
Ricin ត្រូវបានផលិតដោយការចម្រាញ់គ្រាប់ល្ហុងខ្ញែរ។ វាជាសារធាតុពុលដ៍សាហាវដែលអាចបណ្តាលឲ្យក្អួត ចង្អោរ ហូរឈាមក្នុងខ្លួននិងនៅទីបំផុតខូចសរីរាង្គ៕

ប្រភព៖ កម្ពុជាថ្មី