ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានធ្វើការឆ្មក់បង្ក្រាប ហាងផឹកស៊ីមួយកន្លែង ដែលសង្ស័យបង្កប់អោយមានការជួញដូរផ្លូវភេទជាមួយភ្ញៀវ ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ – Honey Honey Bar” ជិតសូរិយ៉ាម៉ល ស្ថិតនៅផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីនគរបាលបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយដ្ឋានបារ មានបង្កប់បំរើសេវាផ្លូវភេទ លុះវេលាម៉ោងកើតហេតុ ទើបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យតែម្ដង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃ ទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង។

សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី០៨នាក់ ក្នុងនោះ(អនីតិជន០៣នាក់) និងដក ហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕



