ស្ដ្រីម្នាក់លួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្រុសថ្មី ហើយសុំលែងលះគ្នា រហូតធ្វើឲ្យប្ដីរបស់នាងផ្ទុះភ្លើងប្រចណ្ឌ ដកកាំភ្លើងបាញ់សម្លាប់ចោល រួចហើយបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅភាគឦសាន ខេត្ត Nakhon Ratchasima ។
ប៉ូលិសខេត្ត Nakhon Ratchasima បានឲ្យដឹងថា ជនបង្កជាប្ដី ឈ្មោះ Mongkhol Aksorn អាយុ៤៦ឆ្នាំ ។ រីឯជនរងគ្រោះជាប្រពន្ធ ឈ្មោះ Saifon Aksorn អាយុ៣៤ឆ្នាំ។ ពួកគេទាំង២នាក់ បានស្លាប់នៅក្នុងថ្លុកឈាម។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ស្ដ្រីរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយនឹងប្រុសថ្មី ទាំងខ្លួនមានប្ដីកំពុងរស់នៅជាមួយ។ លុះក្រោយមក នាងបានសុំលែងលះគ្នាជាមួយនឹងប្ដីរបស់នាង តែជនសង្ស័យមិនព្រម។
ប្រភពព័ត៌មាន បានបន្ដថា ក្រោយមកបុរសជាប្ដីបានដឹងរឿងរ៉ាវរបស់ប្រពន្ធខ្លួន ហើយបើករថយន្ដដឹកប្រពន្ធចេញផ្ទះ។ លុះបន្ដិចក្រោយមក ជនសង្ស័យបានបើករថយន្ដដឹកជនរងគ្រោះជាប្រពន្ធត្រឡប់មកវិញ រួចហើយដកកាំភ្លើងបាញ់សម្លាប់នាងជាមុន ទើបបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។
បើតាមអ្នកជិតខាង បានឲ្យដឹងថា គូស្នេហ៍ទាំង២នាក់ប្ដីប្រពន្ធនេះ តែងតែមានការឈ្លោះប្រកែកគ្នាជាញឹកញាប់។ ករណីនេះប្រហែលជាមកពីស្ដ្រីជាប្រពន្ធបែកឆ្វេង លួចមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេង ទើបធ្វើឲ្យបុរសជាប្ដី កើតការប្រចណ្ឌ ហើយបង្កជាទំនាស់នឹងគ្នាបែបនេះ។ លុះមកដល់ថ្ងៃកើតហេតុ ក៏គេឮសំឡេងបំផ្ទុះកាំភ្លើង បង្កឲ្យមានមនុស្សស្លាប់បែបនេះតែម្ដង៕