ខេត្តបាត់ដំបង៖ មុខសញ្ញាដ៏សកម្មចំនួន០២នាក់ចេញធ្វើសកម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងពិសេសសកម្មភាពល្បាតពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជម្រុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិការដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេលយប់ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំនាញមួយនេះនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន០២នាក់ដែលកំពុងប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុងនោះមាន៖
១-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
២-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
*-ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖
-ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន ០១ គ្រឿង
-ដែកអក្សរ( តេ T)ម្រាប់កាច់សោរម៉ូតូចំនួន ០៦ដើម
-កន្ត្រៃកាត់ដែកចំនួន០១
-ដង្កាប់ចំនួន០១
-កូនកាំបិទចំនួន ០២
-ដែកទួលវីសចំនួន ០៣
-ដែកឆាបដងឈើចំនួន ០១
-កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម
-សោរម៉ូតូហុងដាចំនួន០៣
-កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១
-ដែកកេះចំនួន ០៣
– ម្ជុលខ្ទាស់ចំនួន០៥
-ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់
-សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាទាំងពីរនាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូនក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនាវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២០ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេជាមុខសញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្ត្រស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុកដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុក សំពៅលូនពួកគេទើបតែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្ក្រាបបាន ។
ជាមួយនេះលោកអធិការ នគរបាលស្រុកក៏សូមអំពាវនាវផងដែរជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់និងជាប់ជាប្រចាំចំពោះ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរមានម៉ូតូជាដើម ដែលលោកបានកត់សម្គាល់ឃើញ ថាប្រជាពលរដ្ឋលោកទុកចោលនៅក្រោមផ្ទះនាពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាព លួចយក ។ ទន្ទឹមនឹងលទ្ធផលនេះលោកសំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ច នគរបាលមូលដ្ឋានដែលនៅជិតបំផុត ក្នុងពេលជួបប្រទះករណីល្មើសច្បាប់ណាមួយកើតឡើងដើម្បីសមត្ថកិច្ចលោកអន្តរាគមន៍បានទាន់ពេលវេលា។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង មកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកសំពៅលូន)By kosal!០១/តុលា/២០២០
Khmernote

