សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីតម្លៃនៃសន្តិភាពដែលរកបានដោយកម្រ និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជាជាតិរបស់ខ្លួន។
ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែតុលានេះ បានសរសេរដូច្នេះថា៖ «តម្លៃនៃសន្តិភាពដែលយើងរកបានដោយកម្រ រយៈពេល២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចាប់សង្គ្រាមក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ដែលកម្ពុជាចាប់ផ្តើមមានការឯកភាពទឹកដីជាលើកដំបូង។ រាជាណាចក្រនេះ “ពិតជាកំសត់ពេកហើយ”កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចផ្កាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជាជាតិរបស់ខ្លួន»។
សម្តេចតេជោបានបន្តថា «នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព បើគ្មានសន្តិភាព គឺមិនបានការការអភិវឌ្ឍឡើយ»។
គូរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា បានរម្លឹកប្រជាជនកម្ពុជាថា សន្តិភាពពិតជាមានតម្លៃណាស់ សម្រាប់មាតុភូមិកម្ពុជា។ សន្តិភាពនេះហើយ ដែលនាំឲ្យកម្ពុជា មានឱកាសប្រឹងប្រែងងើបឈរខ្លួនឯងប្រកបដោយមោទកភាព។ សម្តេចតេជោគូសបញ្ជាក់ជូនជនរួមជាតិថា មនុស្សទាំងអស់ ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។ «អរគុណសន្តិភាព» បានក្លាយជាពាក្យស្លោករបស់ប្រជាជន ដែលស្រឡាញ់សន្តិភាព»៕ swiftnewsdaily