Home ពត៌មាន ព័ត៌មានក្នុងស្រុក ម៉ូតូ​រាស្ត្រ បុក​ឡាន​មន្ត្រី បណ្តាល​ឲ្យ​រង​របួសធ្ងន់

ម៉ូតូ​រាស្ត្រ បុក​ឡាន​មន្ត្រី បណ្តាល​ឲ្យ​រង​របួសធ្ងន់

100
0

ប៉ៃលិន​៖ យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រង​របួសធ្ងន់​ដង្ហើមចង្រិត ដោយ​បែកក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ និង​បាក់ជើង ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណ​:​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះ​ជាន់​ហ្វ្រាំង​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ រង​របួស​បែកក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ និង​របួស​បាក់ជើង អត់​ពាក់មួក​សុវត្ថិភាព ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1D-9819 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។

ចំណែក​ភាគី​ខាង​រថយន្ត​មាន ឈ្មោះ វ៉ា​ន់ ណា​ឡុ​ង ភេទ​ប្រុស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​បើកបរ​រថយន្ត​ម៉ាក ឡិច​ស៊ិ​ស 470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-8853 រង​ការ​ខូចខាត​ស្រាល​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​របស់ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ ក៏​បាន​បត់​ឆ្វេង​បម្រុង​ត្រឡប់​ក្រោយ ស្រប​ពេល​ម៉ូតូ ជន​រង​គ្រោះ​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​ទិស​ដៅ​ស្របគ្នា ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត ពេញទំហឹង បណ្តាល​ឱ្យ​ដួល​ប្រាវ រង​របួសធ្ងន់​តែ​ម្តង​។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ ចំណែក​ម៉ូតូ និង​រថយន្ត បន្ទាប់​ពី​នគរបាល​ចរាចរណ៍​ធ្វើការ​វាស់វែង​រួច ក៏​យក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រង់ចាំ​ធ្វើការ​ដោះស្រាយ​៕ រូបភាព និង​អត្ថបទ​៖ ភ្នំ​ខៀវ