Home ពត៌មាន ព័ត៌មានក្នុងស្រុក ដែនជម្រកសត្វព្រៃ​កែវ​សីមា​ជា​តំបន់ការពារធម្មជាតិ​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការ​អភិរក្ស​សត្វព្រៃ​និង​ជីវៈចម្រុះ​កម្រ​ជា​ច្រើន

ដែនជម្រកសត្វព្រៃ​កែវ​សីមា​ជា​តំបន់ការពារធម្មជាតិ​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការ​អភិរក្ស​សត្វព្រៃ​និង​ជីវៈចម្រុះ​កម្រ​ជា​ច្រើន

40
0

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា «​ដែនជម្រកសត្វព្រៃ​កែវ​សីមា​មិន​ត្រឹមតែ​ជា​ដែនជម្រកសត្វព្រៃ​ដែល​មាន​ព្រៃស្រោង និង​អាច​លក់​ឥណទាន​កាបូន​នោះ​ទេ តែ​ជា​គឺជា​តំបន់ការពារធម្មជាតិ​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការ​អភិរក្ស​សត្វព្រៃ​និង​ជីវៈចម្រុះ​ជា​ច្រើន​ទៀត​»​។

ឯកឧត្តម ថ្លែង​បែប​នេះ​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ អំឡុង​ពេល​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន និង​ក្រុម​អ្នក​សារព័ត៌មាន​ជិត​២០​ស្ថាប័ន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​ការ​អនុវត្ត​គម្រោង​រេ​ដ​បូក​លក់​ឥណទាន កាបូន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។ ក្រសួងបរិស្ថាន​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​សហការ​គ្នា​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​ដែល​មាន នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។

ឯកឧត្តម​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ថ្លែង​ថា ជាមួយ​ប្រភេទ​សត្វ រុក្ខជាតិ​និង​បុ​ច​ផសិត (fungi species) ចំនួន ៩៥៩ ប្រភេទ​ដែល​ជា​របក​គំ​ឃើញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​និង​បាន​កត់ត្រា​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​មន្ត្រី​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្លាយជា​តំបន់ការពារធម្មជាតិ​មួយ​ដែល​មាន​ធនធាន​ជីវៈចម្រុះ​សម្បូណ៌​បែប​ជាង គេ​ក្នុង​ចំណោម​តំបន់ការពារធម្មជាតិ​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ​មាន​ប្រសាសន៍​ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​អាស៊ី សត្វ​ពានរ រួម​មាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប្រភេទ​មាំ​សា​សី និង​ប្រភេទ​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដែល​ប្រភេទ​សត្វ​និង​រុក្ខជាតិ ៧៥ ប្រភេទ​ជា​ប្រភេទ​រង​ការ​គំរាមកំហែង​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។

នៅ​អំឡុង​ទស្សនកិច្ច​នៅ​ក្នុង​សហគមន៍​អណ្តូង​ក្រ​ឡឺ​ង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែល​ជា​តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស​និង​ទោច​ថ្ពាល់​លឿង ប្រតិភូ​ក្រសួងបរិស្ថាន និង​អ្នក​សារព័ត៌មាន​បានឃើញ​វត្តមាន​សត្វ​ស្វា​កន្ទុយ​ស​ជា​ច្រើន​នៅ​ក្នុង​តំបន់​ព្រៃស្រោង​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​បង្ហាញ​ពី​មោទនភាព​ដែល​កម្ពុជា​សម្បូណ៌​ដោយ​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ដែល​ក្នុង​នោះ​ប្រភេទ​សត្វ​កម្រ​មួយ​ចំនួន​ដែល​បាន និង​កំពុង​ជិត​ផុត​ពូជ និង​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ​បំផុត​របស់​ពិភពលោក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​វត្តមាន នៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា យោង​តាម​របាយ ការណ៍​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា ស្ថិតិ​សត្វ​ស្វា​កន្ទុយ​ស​ដែល​មាន វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជាង ២០០០០ ក្បាល​ហើយ​ភាគច្រើន​មាន​វត្ត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ប្រមាណ ១២០០​ក្បាល​។

«​សត្វព្រៃ​ទាំងនេះ​គឺជា​សម្បត្តិ​ធម្មជាតិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា​និង​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ​របស់​ពិភពលោក​»​។ នេះ​គឺជា​ការ​គូសបញ្ជាក់​បន្ថែម​របស់​រដ្ឋ​លេខា ធិ​ការ​ក្រសួងបរិស្ថាន​ដោយ​បាន​ជំរុញ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អង្គការ​ដៃគូ​និង អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ថែរក្សា​និង​ការពារ​អភិរក្ស​សត្វព្រៃ​កម្រ​ទាំង​អស់នេះ​ឱ្យ​បាន ជា​ពិសេស​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​បង្ក្រាប​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ ដោយ​ខុសច្បាប់​ដែល​សកម្មភាព​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ជម្រក​ដ៏​សុខសាន្ត​របស់​សត្វព្រៃ និង​ជីវៈចម្រុះ ផ្សេង​ទៀត​។

ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្ត​ថា​៖ «​ការ​ការពារ​បាន​ព្រៃឈើ មិន​ត្រឹម​ការពារ​បាន​ប្រព័ន្ធ​អេ កូ​ឡូ​ស៊ី​ទេ តែ​យើង​អាច​លក់​ឥណទាន​កាបូន ដើម្បី​បាន​ថវិកា​មក​ពង្រឹង​ការងារ​អភិរក្ស​និង​អភិរក្ស​សហគមន៍​មូលដ្ឋាន ហើយ​ការ​ថែរក្សា​បាន​នូវ​សត្វព្រៃ​គ្រប់​ប្រភេទ​នឹង​ផ្តល់​ចំណូល​តាម​រយៈ​ទេសចរណ៍ធម្មជាតិ​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អរគុណ ដល់​អង្គការ​ដៃគូ​ដែល​បាន​ចូលរួម​សហការ និង​ផ្តល់​បច្ចេកទេស​ក្នុង​ការ​ពង្រឹង​កិច្ចការ​អភិរក្ស​នេះ​ឱ្យ​បាន ជោគជ័យ​។ បច្ចុប្បន្ន​នេះ តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស​និង​ទោច​ថ្ពាល់​លឿង​ក្នុង​សហគមន៍​អណ្តូង​ក្រឡឹង ក្នុងភូមិ​សាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្សាន្ត​។ តាម​ការ​ឱ្យ​ដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ Jahoo Gibbon Camps ដែល​ជា​គម្រោង​សហគមន៍​អេកូ​ទេសចរណ៍​បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន​ប្រមាណ ៤៥០​នាក់ និង​បាន​ទទួល​ចំណូល​ប្រមាណ ១៧០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​សហគមន៍​៕