Home ពត៌មាន ព័ត៌មានក្នុងស្រុក ទោះ​បញ្ហា​កូ​វី​ដ​-១៩​កំពុង​វាយលុក​ពិភពលោក អគ្គរាជទូត​ជប៉ុន​បង្ហាញ​ជំហរ​បន្ត​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា

ទោះ​បញ្ហា​កូ​វី​ដ​-១៩​កំពុង​វាយលុក​ពិភពលោក អគ្គរាជទូត​ជប៉ុន​បង្ហាញ​ជំហរ​បន្ត​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា

27
0

ភ្នំពេញ ៖ នៅ​ក្នុង​ពេល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម មី​កា​មី ម៉ាសា​ហ៊ិ​រូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ជំរាប​ជូន​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ពី​ជំហរ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុង​គិតគូរ​បន្ត​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា បើ​ទោះបីជា​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​កូ​វី​ដ​-១៩ ដូច​ប្រទេស​នានា​លើ​សកលលោក​ក៏​ដោយ ។

ឯកឧត្តម អគ្គរាជទូត បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​ជប៉ុន បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ជួយ​ដល់​កម្ពុជា ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​វិស័យ​សុខាភិបាល ជាដើម ក្នុង​នោះ​ជំនួយ​ទឹកប្រាក់​ប្រមាណ​ជា​២៥​ពាន់​យេ​ន គ្រោង​នឹង​រៀបចំ​ចុះហត្ថលេខា នា​ពេល​ខាង​មុខ​នេះ​។ ទន្ទឹម​នោះ រាជរដ្ឋាភិបាល​ជប៉ុន កំពុង​ពិនិត្យ​រៀបចំ​កា​រត​ភ្ជាប់​គ្នា​ឡើង​វិញ​នូវ​ជើងហោះហើរ​ពី​ជប៉ុន​មក​កម្ពុជា ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន បន្ទាប់​ពី​បាន​អាក់ខាន​ដោយសារ​កូ​វី​ដ​-19 មកនេះ​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ក្នុង​នាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ចាត់​ទុក​ប្រទេស​ជប៉ុន​ជា​មហាមិត្ត​របស់​កម្ពុជា ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចីសម្បទាន ក្នុង​ដំណាក់កាល ដែល​កម្ពុជា ត្រូវការ​ជំនួយ​ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​។ ជំនួយ​ដ៏​ថ្លៃថ្លា​របស់​ជប៉ុន បាន​ជួយ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​មុខមាត់ និង​បម្រើ​ដល់​ប្រជាជន​កម្ពុជា​ទូទៅ​។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្ត​ទៀត​ថា ក្រៅពី​ជំនួយ​លើ​វិស័យសេដ្ឋកិច្ច សុខាភិបាល និង​ការ​ជួយ​ស្តារ​ឡើង​វិញ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ ជប៉ុន​គឺជា​ប្រទេស​មួយ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ស្វែងរក​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សារ​ជាតិ ដល់​កម្ពុជា នឹង​បាន​ឈាន​ទៅ​ដល់​មាន​កិច្ចព្រមព្រាង​សន្តិ​ភា​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំង​បាន​ដំណើរការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ទៀត​ផង​៕

តាម​រយៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ផ្ញើ​នូវ​ការ​ថ្លែងអំណរគុណ ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ភ្ជាប់​ចំណងទាក់ទង​គ្នា​តាំងពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​១៩៥៣​មក​ម្លេះ ។

ឯកឧត្តម មី​កា​មី ម៉ាសា​ហ៊ិ​រ៉ូ បាន​ថ្លែង​នូវ​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​រីក​ចម្រើន​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ ដែល​ធ្លាប់​ជួប​ប្រទះ​នឹង​ស​ង្ក្រា​ម បែកបាក់ មក​ជា​ប្រទេស​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ពិសេស​គឺ​ការ​រក្សា​បាន​ស្ថិរភាព សន្តិភាព និង សន្តិសុខ​សណ្តាប់ធ្នាប់ ដែល​ជា​មូលដ្ឋាន​ស្នូល​នាំ​មក នូវ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុជា ។

ចុងបញ្ចប់ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​សុំ​ឲ្យ​មានការ​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន ដែល​មាន​បេសកកម្ម​ស្រ​ដៀង និង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជា​ពិសេស វិស័យ​អធិការកិច្ច និង​ទប់ស្កាត់​អំពើ​ពុក​រលួយ តាម​រយៈ ផ្លាស់​ប្តូរ ទស្សនកិច្ច និង​ការ​បណ្តុះបណ្តាល និង​សូម​ជូនពរ​ឯកឧត្តម ឯកអគ្គរាជទូត ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ និង​ជោគជ័យ​ក្នុង បេសកកម្ម​ការទូត​របស់ ឯកឧត្តម នៅ​កម្ពុជា​៕ PP Daily