ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់សាធារណជន សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា។ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនលាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ថា នៅលើសមុទ្រចិនខាងត្បូង បានកើតព្យុះទី១៦ ឈ្មោះ ណាងកា។ តាមការព្យាករ ព្យុះនេះ នឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាម នៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦-១៧ ខែតុលា ព្យុះថ្មីមួយទៀត នឹងកើតឡើង ដែលរាប់ថា ជាព្យុះទី១៧ ឈ្មោះ សូដែល ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុក ព្យុះនេះ នឹងចូលប្រទេសវៀតណាម ត្រង់ចំណុចគីញើន រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើង តាមខេត្តរតនគិរី នាថ្ងៃទី១៨-១៩ ខែតុលា ក្នុងកម្លាំងជាវិសម្ពាធ និសម្ពាធទាប។
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពពី ២៣-២៩°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តាខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ព្យ និងភាគខាងជើង នឹងអាចមានភ្លៀង ពីបង្គួរ ទៅច្រើន។
ដោយឡែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា សីតុណ្ហភាព មានពី ២១-២៨°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យម ទៅបង្គួរ។ រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី ២២-២៨°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យម ទៅបង្គួរ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កម្ពុជាទទួលរងឥទ្ធិពលព្យុះ បង្កជាជំនន់ទឹកភ្លៀង ដែលមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង កើតឡើងនៅ ១៧រាជធានីខេត្ត ហើយក្នុងនោះ ខេត្តជាប់ព្រំដែនថៃ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន៕
