Home ពត៌មាន ព័ត៌មានក្នុងស្រុក អាង​កំពីងពួយ ត្រូវ​បើកទ្វារ បើ​ដូច្នោះ​នឹង​ត្រូវ​បាក់​ជា​ក់​ជា​មិន​ខាន

អាង​កំពីងពួយ ត្រូវ​បើកទ្វារ បើ​ដូច្នោះ​នឹង​ត្រូវ​បាក់​ជា​ក់​ជា​មិន​ខាន

266
0

ទ្វារ​ទឹក​អាង​កំពីងពួយ​ត្រូវ​បាន​ក្រុម​អ្នក​ប្រចាំការ​២៤​ម៉ោង មាន​គ្នា​១១​នាក់​ធ្វើការ​បើក​ទាំង​កណ្តាល​យប់ បន្ទាប់​ពី​កម្ពស់​ទឹក​ក្នុង​អាង​បាន​ឡើង​ដល់​កម្ពស់ ២៤,៦៨​ម៉ែត្រ គឺ​លើស​កម្រិត​ត្រូវ​រក្សា ទុក​០,១៨​ម៉ែត្រ​រួច​មក​។ អាង​នេះ មានទឹក​១៥០​លាន​ម៉ែត្រគុប បើ​គ្រប់គ្រង​មិន​បាន​ល្អ​ទេ អាច​នឹង​បាក់ ធ្វើ​ឱ្យ​ប៉ះពាល់ និង​ខូចខាត​ច្រើន​ជាង​ការ​បាក់​ទំនប់​បា​សាក់​នៅ​រុក្ខ​គិរី​រាប់​សិប​ដង​។

លោក ឡុ​ង ផល្គុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០២០ ថា “​បន្ទាប់​ពី​កម្ពស់​នៅ​ទឹក​អាង​កំពីងពួយ បាន​ឡើង​ដល់​កម្ពស់​២៤,៦៨​ម៉ែត្រ គឺ​លើស​ពី​កម្រិត​ត្រូវ​រក្សា​ទុក​០,១៦​ម៉ែត្រ (​ទឹក​ត្រូវ​រក្សា​ទុក​២៤,៥០​ម៉ែត្រ​) ហើយ​នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង​ថែម​មក​ទៀត យើង​(​ផល្គុណ​)​បាន​សម្រេច​ឱ្យ​ក្រុម​អ្នក​ប្រចាំការ​២៤​ម៉ោង ដែល​មាន​គ្នា​ចំនួន​១១​នាក់ ធ្វើការ​បើកទ្វារ ទឹក​ទាំង​៤​គោលដៅ នៅ​ពេល​រំលង​អធ្រាត្រ​ដើម​ថ្ងៃ​ទី​១៣​ខែតុលា ដើម្បី​បន្ថយ​ការ​ប្រឈម​ដល់​ទំនប់​របស់​អាង​នេះ​”​។

ប្រធាន​មន្ទីរ​ដែល​នៅ​ជាប់​ជាមួយនឹង​ការ​ប្រចាំការ​នេះ បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា “​អាង​កំពីងពួយ​ត្រូវ​បាន​កំណត់​រក្សា​ទឹក​ទុក​នៅ​កម្ពស់​២៤,៥០​ម៉ែត្រ ដែល​មាន​បរិមាណ​ទឹក​ស្មើ​ប្រមាណ​១៥០​លាន​ម៉ែត្រគុប​។ កាលពី​យប់មិញ​ទឹកបាន​ហក់​ឡើង​ដល់​កម្រិត​២៤,៦៨​ម៉ែត្រ ហើយ​ទឹក​នៅ​បន្ត​ហក់​ឡើង​លឿន​ទៀត ទើបបាន​សម្រេច​ឱ្យ​បង្ហើប​ទ្វារ​ទឹក​គ្រប់​គោលដៅ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ទឹកបាន​ស្រក​ចុះ​០,០៥​ម៉ែត្រ​ទៅ​វិញ តែ​ទឹក​ហូរ​ចូល​អាង​នៅ​តែ​មាន​សភាព​ខ្លាំង ត្រូវ​បន្ត​បើកទ្វារ​នៅ​ថ្ងៃនេះ​ទៀត​”​។

លោក ឡុ​ង ផល្គុណ បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា ប្រភព​ទឹក​ចូល​មក​អាង​កំពីងពួយ មាន​មក​ពី​តាម​ច្រក​ព្រៃធំ​, អូរ​ដូនតា និង​ប្រឡាយ​អូរ​ដូន​ពៅ​(​តា​ហែ​ន​)​។ ប្រឡាយ​អូរ​ដូន​ពៅ បាន​បិទ​បី​ថ្ងៃ​មក​ហើយ មិន​ឱ្យ​មានទឹក​ហូរ​ចូល​មក​កាន់​អាង​កំពីងពួយ​ទៀត​ទេ តែ​អូរ​ជ្រៃ​ធំ​និង​អូរ​ដូនតា ដែល​ជា​ផ្លូវទឹក​ធម្មជាតិ​នៅ​បន្ត​ហូរ​មក​។ ស្ថានភាព​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​ស្ទឹង​បរវេ​ល​បាន​ស្រក​ហើយ តែ​មក​ឡើង​ខ្លាំង​នៅ​កំពីងពួយ បើ​មិន​ធ្វើការ​បើក​បិទ​តាម​បច្ចេកទេស ទំនប់​អាង​កំពីងពួយ អាច​នឹង​បាក់​ដូច​ទំនប់​អាង​បា​សាក់​។

លោក ឡុ​ង ផល្គុណ បាន​បញ្ជាក់​ថា ការ​បើកទ្វារ​ទឹក​អាង​កំពីងពួយ​ម្តង​២៥​សន្លឹក​ទ្វារ​ព្រម​គ្នា ក្នុង​ពេល​តែ​មួយ​នៅ​ផ្នែក​ខាងក្រោម​កំពុង​មានទឹក​ច្រើន​ស្រាប់ គឺ​បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ខ្លះ​ហើយ តែបើ​មិន​បាន​បើក​ទាន់​ពេល​ទេ ទំនប់​អាង​កំពីងពួយ​អាច​នឹង​បាក់ ប្រសិនបើ​បាក់​ការ​ខូចខាត​នៅ​ផ្នែក​ខាងក្រោម​អាង​មាន​ច្រើន​ជាង​អាង​បា​សាក់​រាប់​សិប​ដង ព្រោះ​អាង​កំពីងពួយ​មិនមែន​មានទឹក​ជាង ១០​លាន​ម៉ែត្រគុប​ដូច​អាង​បា​សាក់​ទេ គឺ​១៥០​លាន​ម៉ែត្រគុប មាន​ផ្ទៃដី​ដំណាំ​ស្រូវ​ច្រើន​ម៉ឺន​ហិ​កតា និង​មាន​ភូមិ​ជា​ច្រើន នៅ​ពីក្រោម​អាង​នេះ​៕