ខេត្តបន្ទាយមានជ័យ ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការវាយប្រហារដោយទឹកជំនន់ ហើយគណៈគ្រប់គ្រងនៅទីនោះ ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទាំងអស់ ទៅពន្ធនាគារខេត្តផ្សេងៗ ដែលនៅក្បែរ។ របាយការណ៍បានឲ្យដឹងថា ចំនួនជនជាប់ឃុំក្នុងពន្ធនាគារនេះ មាន១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។
បើតាមប្រភពស្នងការនគរបាលខេត្តបានឲ្យដឹងថា កម្លាំងនគរបាលខេត្តចំនួន៦៣០នាក់ រួមជាមួយរថយន្ត អាវពោង និងកាណូត បានចុះជួយពន្ធនាគារខេត្តបន្ទាយមានជ័យដែលកំពុងជន់លិចទឹក ដូចជា ការឈរជើងយាមពន្ធនាគារ ការពារដឹកជញ្ជូនចេញអ្នកកំពុងជាប់ឃុំ ទៅដាក់ពន្ធនាគារខេត្តសៀមរាប ក្នុងនោះកម្លាំង២៣០នាក់ទៀតរួមជាមួយសំភារត្រៀមបំរុងនៅស្នងការដ្ឋានសំរាប់ជំនួយបន្ថែម។
បើតាមភ្នាក់ងារបានរាយការណ៍ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានជួយរថយន្តក្រុងចំនួន១០គ្រឿង ដើម្បីដឹកអ្នកទោសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងដល់ខេត្តបន្ទាយមានជ័យ។ របាយការណ៍បញ្ជាក់ថា ទឹកជន់លិចនៅស្រុកចំនួន៨ និងឃុំ៣៣ ប៉ះពាល់ប្រជាលរដ្ឋជិត៣ពាន់គ្រួសារ ស្លាប់៥នាក់ និងប៉ះពាល់សន្ទូង និងផលដំណាំផ្សេងៗជិត៦ពាន់ហិកតា៕


