ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងគ្រោះទឹកជំនន់ បង្កដោយទឹកភ្លៀង នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិការបស់កាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហម ប្រចាំខេត្ត ចំនួន ៣ គឺខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្នុងមួយខេត្តៗ ទទួលបាន ១០០លានរៀល ដើម្បីទិញស្បៀង ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ថវិកា ១០០ លានរៀល សម្រាប់ខេត្តនិមួយៗ សម្រាប់ទិញស្បៀង ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នាពេលនេះ រួមមាន៖ អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ។
លោកជំទាវ ម៉ែន នារីសោភ័គ បន្តថា កាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីពីទីស្នាក់ការកណ្តាលកាកបាទក្រហម នៅរាជធានីភ្នំពេញ ចុះធ្វើការជាមួយមន្ត្រីកាកបាទក្រហម ប្រចាំខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ដោយឡែក សម្រាប់ខេត្តបាត់ដំបង ប្រគល់ភារកិច្ចជូនលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ប្រចាំខេត្ត ដើម្បីចែកអំណោយ ជូនប្រជាពលរដ្ឋតែម្តង។
គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានវាយប្រហារ ១៩ ខេត្ត-រាជធានី ប៉ះពាល់ដល់ប្រជាជនសរុបជាង ១៣ម៉ឺននាក់ និង ១១នាក់ ស្លាប់។ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន រងគ្រោះធ្ងន់ធ្ងរជាងគេ៕ SwiftNews