កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។
ឯកឧត្តម វ៉ី សំណាង បានប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី ភូមិក្រវៀន ភូមិព្រៃបេង ភូមិតាំងក្រូច ភូមិសំពៅ ក្នុងក្រុងច្បារមនទាំងមូល និងស្រុកសំរោងទងមួយចំណែក ត្រូវរើសម្ភារផ្សេងៗនៅក្នុងផ្ទះ ចេញទៅរកទីទួលសុវត្ថិភាពជាបន្ទាន់។
អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងយ៉ាងដូច្នេះថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ»៕


