កំពូលកីឡាករបាល់ទាល់ Cristiano Ronaldo បានតេស្ដវិជ្ជមានជំងឺ COVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កីឡាករ Ronaldo គឺ «មានសុខភាពល្អ គ្មានរោគសញ្ញា និងកំពុងនៅដាច់ដោយឡែក»។ រំលឹកដែរថាខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់វ័យ ៣៥ឆ្នាំរូបនេះ បានលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ ទទល់ជាមួយបារាំង ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃអាទិត្យ និងបានជួបអេស្ប៉ាញ ក្នុងការប្រកួតមិត្តភាពកាលពីសប្តាហ៍មុន។
ដូច្នេះកីឡាករ Ronaldo នឹងត្រូវខកខានការប្រកួត UEFA Nations League ទទល់ជាមួយស៊ុយអែតនៅថ្ងៃពុធ ក៏ដូចជាការប្រកួតនាពេលខាងមុខរបស់ក្រុម Juventus ដែលរួមមានការប្រកួតនៅក្របខណ្ឌ Serie A ជាមួយក្លឹប Crotone និងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្លឹប Dynamo Kyiv ។
បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ Cristiano Ronaldo សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្កាល់ក៏បាននិយាយដែរថា រាល់កីឡាករទាំងអស់ត្រូវបានធ្វើតេស្ដរកជំងឺ ហើយលទ្ធផលគឺអវិជ្ជមានគិតត្រឹមព្រឹកថ្ងៃអង្គារ៕

