
កូនប្រុសអាយុ១៤ឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺ បារ៉ុន ត្រាំ បានឆ្លងកូវីដ-១៩ ប៉ុន្តែមិនមានអការៈរោគអ្វីបង្ហាញចេញមកនៅឡើយ នេះបើយោងតាមការប្រកាសរបស់ជំទាវទី ១ នៃសហរដ្ឋអាមេរិកលោកស្រី មេឡានៀ ត្រាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី មេឡានៀ ត្រាំ បាននិយាយថា «សំណាងដែលគាត់ជាក្មេងជំទង់ហើយមិនមានរោគសញ្ញាអ្វីនោះទេ»។ ជាមួយគ្នានោះផងដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលលោកចាកចេញពីសេតវិមានសម្រាប់ការធ្វើយុទ្ធនាការមួយទៅកាន់រដ្ឋ Iowa ថាកូនប្រុសរបស់់លោកគឺមិនមានអ្វីគួរឱ្យបារម្ភនោះទេ។
សូមរំលឹកថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអាការៈជំងឺរបស់លោកស្រី មេឡានៀ ត្រាំ គឺស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ ខណៈលោក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យអះអាងថាបានព្យាបាលជាសះស្បើយ៕