Home ពត៌មាន ព័ត៌មានក្រៅស្រុក ក្រុមហ៊ុន Moderna Inc ត្រៀម​ប្រកាស​លទ្ធផល​ធ្វើតេស្ត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​អាច​ជា​សញ្ញា «​វិជ្ជមាន​» បន្ថែម

ក្រុមហ៊ុន Moderna Inc ត្រៀម​ប្រកាស​លទ្ធផល​ធ្វើតេស្ត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​អាច​ជា​សញ្ញា «​វិជ្ជមាន​» បន្ថែម

33
0

អា​មេ​រិ​ក ៖ បើ​តាម​ការ​ចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឱ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក ភី​ហ្វី​ហ្សឺ (Pfizer) សហការ​ជាមួយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ បាយ​អូ​អិន​ធិ​ច (BioNTech) ប្រកាស​អំពី​ជោគជ័យ និង​ប្រសិទ្ធភាព​ជាង ៩០% នៃ​ការ​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 នោះ ក្រុមហ៊ុន​ធំ​មួយទៀត គឺ​ម៉ូ​ឌែ​ណា (Moderna Inc) ត្រូវ​បាន​អ្នកជំនាញ​កំពូល​នៅ​អា​មេ​រិ​ក លោក អាន់​ថូ​នី ហ្វូ​ស៊ី (Anthony Fauci) អះអាង​ថា នឹង​បញ្ចេញ​លទ្ធផល​អំពី​ការ​ធ្វើតេស្ត​របស់​ខ្លួន នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ប៉ុណ្ណោះ​។

លោក អាន់​ថូ​នី ហ្វូ​ស៊ី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​មិន​ដល់​មួ​យស​ប្តា​ហ៍​ឡើយ ទិន្នន័យ​ពី​ការ​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Moderna Inc នឹង​ត្រូវ​បញ្ចេញ​…​។ វា​ទំនងជា​មិន​អាច​មាន​ប្រសិទ្ធភាព ៩៥%​ឡើយ ប៉ុន្តែ​វា​អាច​មាន​ត្រឹម ៩០% ឬ ៨៩% ឬ​ក៏​ច្រើន​ជាង​នេះ​រហូត​ដល់​ទៅ ៩៦%… វា​អាច​ស្ថិត​នៅ​ចន្លោះ​ៗ​ហ្នឹងហើយ បើ​តាម​មើលទៅ​»​។

បើ​តាម​លោក អាន់​ថូ​នី ហ្វូ​ស៊ី ដដែល ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង COVID-19 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Moderna ប្រហែលជា​មិន​ខុស​ទៅ​នឹង​វ៉ាក់សាំង ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Pfizer នោះ​ឡើយ​។ ក្រុមហ៊ុន Pfizer និង BioNTech បាន​ប្រកាស​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា វ៉ាក់សាំង COVID-19 របស់​ពួក​គេ​បាន​បង្ហាញ​ប្រសិទ្ធភាព​រហូត​ដល់​ទៅ​ជាង ៩០% លើ​អ្នកចូលរួម​ធ្វើតេស្ត​ទាំងអស់​។

គួរ​បញ្ជាក់​ថា ក្រោយ​ការ​ប្រកាស​អំពី «​ភាព​វិជ្ជមាន​បំផុត​មិន​ធ្លាប់​មាន​» នៃ​ការ​អភិវឌ្ឍ​វ៉ាក់សាំង ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Pfizer សេដ្ឋកិច្ច​ពិភពលោក ជា​ពិសេស​ទីផ្សារ​ហិរញ្ញវត្ថុ និង​តម្លៃ​ប្រេង​សកល​បាន​ស្ទុះ​ងើបឡើង​វិញ​ភ្លាម​ៗ​។ ហេតុ​ដូច្នេះ​អ្នក​តាម​នានា​បាន​រំពឹង​ថា ការ​ប្រកាស​លទ្ធផល​តេស្ត​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Moderna នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ នឹង​ធ្វើ​ឲ្យ​ការ​ភ័យ​ខ្លាច​កាន់តែ​ត្រូវ​រំសាយ​មួយ​ភាគ​ធំ​ទៀត ចេញពី​ពិភពលោក​៕