Home ពត៌មាន លិខិត​មិត្ត​អ្នក​អាន​៖ «​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ធ្លាក់ខ្លួន អស់​ក្រឡា អន់​ជាង​ស្វា​លេង​ប៉ា​ហ៊ី​»!

លិខិត​មិត្ត​អ្នក​អាន​៖ «​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ធ្លាក់ខ្លួន អស់​ក្រឡា អន់​ជាង​ស្វា​លេង​ប៉ា​ហ៊ី​»!

53
0

កាលពី​ព្រឹក​ថ្ងៃ​ទី ១០ វិច្ឆិកា ម៉ោង​នៅ​អា​មេ​រិ​ក ខ្ញុំ​បានឃើញ​រូបភាព បង្ហោះ​ដោយ​ក្រុម​ឧទ្ទាម​ក្រៅ ច្បាប់​ដឹកនាំ​ដោយ មួរ សុខ​ហួរ ដែល​បាន​នាំ​គ្នា​ទៅ​ចុច​កណ្តឹង ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ អា​មេ​រិ​ក​ដើម្បី​ដាក់​សំណើរ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​កម្ពុជា​ផ្តល់​សុពលភាព​លើ​លិខិតឆ្លងដែន របស់​ខ្លួន​ឡើង​វិញ​។

សកម្មភាព​នេះ​ពិតជា​បាន​ធ្វើ​ឲ្យ​មហាជន​ទូទៅ​ផ្ទុះសំណើច​ចំពោះ​នយោបាយ​វិលក្បុង មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នេះ​ដែល​នៅ​ទីបំផុត អស់ក្បាច់​លោត អស់​ក្រឡា​ដើរ​ក៏​ងាក​មក​ប្រើ​នយោបាយ​«​ស្វា​លេង​ប៉ា​ហ៊ី​» នៅ​មុខ​ស្ថានទូត​ខ្មែរ​ដើម្បី​សុំ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ខ្លួន​ចោទ​កប់​ៗ​មាត់​ថា ផ្តាច់​ការ​ហើយ​ប៉ុនប៉ង​ផ្តួលរំលំ​នោះ ឲ្យ​ផ្តល់​សុពលភាព​លិខិតឆ្លងដែន របស់​ពួក​ខ្លួន​ទៅ​វិញ​។

មាន​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​ក៏​ដូច​ជា​មហាជន​ខ្មែរ​ជា​ទូទៅ​ដែរ​បាន​នាំ​គ្នា​ផ្ទុះ សំណើច​ដោយ​ហួសចិត្ត​នៅ ពេល​ឃើញ​ក្រុម​នេះ​ធ្វើ សកម្មភាព​របៀប​បាយបិណ្ឌ​ជា​បាយបាត្រ គ្មាន​គោលដៅ​និង​មិនដឹង​ទិស​តំបន់​ទាល់តែ​សោះ​បែប​នេះ​។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ហួសចិត្ត​នៅ​ត្រង់​ថា ៖

ទី​១-​ជា​ទិដ្ឋភាព​ច្បាប់ ការ​លុប​លិខិតឆ្លងដែន​របស់​ឧក្រិដ្ឋជន ដែល​មាន​ដីកាចាប់ខ្លួន គឺជា មធ្យោបាយ​ស្របច្បាប់​ដើម្បី កុំ​ឲ្យ​ឧក្រិដ្ឋជន​អាច​ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​បាន ហើយ​នេះ​ក៏​ជា ស្តង់ដារ​នៃ​ការ​អនុវត្ត​ជា​ទូទៅ សម្រាប់​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ដែរ​។

ទី​២-​ការ​ស្នើ​សុំ​សុពលភាព លិខិតឆ្លងដែន​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្រៅប្រទេស​ដោយ​អះអាង​ថា ដើម្បី​ខ្លួន​អាច​វិល​ត្រឡប់​មក​ឡើង​តុលាការ​នៅ​កម្ពុជា គឺជា​រឿង​កំប្លុកកំប្លែង​គួរ​ឲ្យ​អស់សំណើច ដោយហេតុ​ថា

អ្នក​ទាំងនោះ​បាន​ទៅ​រស់នៅ​ក្រៅប្រទេស​តាម​រយៈ​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​។ ដូចនេះ បើ​ក្រុម មួរ សុខ​ហួរ ពិតជា​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​មែន វា​គឺជា​រឿង​ដ៏​សាមញ្ញ​បំផុត ដោយ​ពួក​គេ​គ្រាន់តែ​សុំ​ទៅ​រដ្ឋ​បរទេស​នោះ​ឲ្យ​លុប​ចោល​សិទ្ធិ​ស្នាក់​នៅ ឬ សិទ្ធិ​ជ្រកកោន នយោបាយ​ដើម្បី​ក្លាយជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ នោះ​សហរដ្ឋអាមេរិក ឬ​រដ្ឋ​បរទេស នោះ​នឹង​ច្បាស់​ជា​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ទាំងអស់​ជាក់​ជា មិន​ខាន​ឡើយ​។ ករណី​បែប​នេះ​ធ្លាប់​ត្រូវ​បាន​សហរដ្ឋអាមេរិក​ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់នៅ​ខុសច្បាប់​នៅ​អា​មេ​រិ​ករួច​ទៅ​ហើយដោយ​គេ​បាន​តម្រូវ​ឲ្យ​ធ្វើ​មាតុភូមិ និវត្តន៍​ជា​បន្តបន្ទាប់​មក​កម្ពុជា​វិញ​។ ជា​ពិសេស​បំផុត​នោះ​គឺ​ក្រុម

មួរ សុខ​ហួរ អាច​ទទួលផល ចំណេញ​នៅ​លើគោក​ដោយ មិនបាច់​ខ្វល់ខ្វាយ​ទាល់តែ​សោះ​អំពី​ថ្លៃ​យន្តហោះ ពីព្រោះ​រដ្ឋ​នៃ ប្រទេស​ដែល​ពួក​គេ​ស្នាក់​នៅ នោះ ជា​អ្នក​ចេញ​អោយ​ទាំងស្រុង​។

ទី​៣-​ចំពោះ​រឿង​ចង់​ចូលរួម​សវន​ការ ក៏​ជា​រឿង​ដែល​កាន់តែ ងាយស្រួល​ថែម​ទៀត ដោយ សារ​តែ​ពេល​នេះ តុលាការ​រាជធានី​ភ្នំពេញ​កំពុង​តាម​រកមុខ​អ្នក​ទាំងនោះ​ដោយ​មាន​ទាំង​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​រួច​ស្រេច​ទៅ​ហើយ​។ ដូចនេះ បើ​ពួក​គេ ប្រកាស​ខ្លួន​ថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ហើយ​ជា​ឧក្រិដ្ឋជន​ថែម​ទៀត​នោះ ប្រទេស​ដែល​ពួក​គេ​កំពុង​ស្នាក់​នៅ​ច្បាស់​ជា​សហ​ការណ៍ ចាប់ខ្លួន​បញ្ជូន​មក​កម្ពុជា​ដើម្បី​ឡើង​សវនាការ​ភ្លាម ហើយ​ភាគី​កម្ពុជា​ច្បាស់​ជា​នឹង​ត្រៀម​ឡាន របស់​ពន្ធនាគារ​ចាំ​ដឹក​អ្នក​ទាំង នោះ​មក​សវនាការ​ដោយ​មិន បាច់​បង់ថ្លៃ​អ្វី​ឡើយ​។ មិន​តែ ប៉ុណ្ណោះ អាជ្ញាធរ​កម្ពុជា​ថែម​ទាំង ចាត់​កម្លាំង​មន្ត្រី​អនុវត្ត​ច្បាប់​ចាំ​ការពារ​សុវត្ថិភាព​អមដំណើរ មួរ សុខ​ហួរ​និង​គូកន ចូល​សវនាការ​ថែម​ទៀត​ផង​។

ទី​៤៖ បើ​និយាយ​បែប​ម្យ៉ាងទៀត ក្រុម​អ្នកនយោបាយ​ពនេចរ​មួយ​ក្រុម​នេះ​បាន​ប្រកាស​ផ្តួលរំលំ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​បាន ប្រើប្រាស់​មធ្យោបាយ​និង​ល្បិច​កិច្ចកល​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន​ដួល​រលំ​។ ពួក​គេ​បាន​ប្រើ​ចលនា​តាម​ទំរង់​នៃ​បដិវត្តន៍​ពណ៌​ដើម្បី​ដណ្តើម​អំណាច​ដោយ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​បង្វែរ​ចុង​កាណុង​ដាក់ រដ្ឋាភិបាល និង​បាន​ដើរ​ញុះញង់​ឲ្យ​បរទេស​អោយ​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រលំរលាយ​។ ប៉ុន្តែ​ទីបំផុត ស្រាប់តែ​ក្រុម​ដដែល​នេះ​ដង្ហែរ​គ្នា​ទៅ​ចុច កណ្តឹង​ស្ថានទូត​ដែល​ជា​តំណាង​របស់​រដ្ឋាភិបាល​ដើម្បី​ស្នើ​សុំ​ឲ្យ​ទទួលស្គាល់​លិខិតឆ្លងដែន​របស់​ខ្លួន​ឡើង​វិញ​។

ចំពោះ​ទ​ង្វើ​នេះ យើង​អាច​ទាញ ការ​សន្និដ្ឋាន​បាន​ថា ពួក​គេ​ពិតជា​អស់តម្រិះ​និង​ទាល់ច្រក​ក្នុង​ការ​ផ្តួល​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​ស្ងាត់​ពេក ពួក​គេ​យក​រឿង​សុំ​ពន្យារ​សុពលភាព​លិខិតឆ្លងដែន​នេះ​ធ្វើ​ជា​ឆាកល្ខោន​មួយ​ឈុត​ដើម្បី​បាន​ថតរូប​មក​បង្ហោះ​ក្នុង​គោលដៅ​បោកប្រាស់​អ្នកគាំទ្រ​របស់​ខ្លួន​ផង​និង​បង្កើត​ជា​ហេតុផល​ប្រមូល​លុយ​ចាយ​ផង​ក្នុង​ស្ថានភាព​ដែល​មេរោគ​កូ​វី​ដ​១៩ កំពុង​បិទ​ជីពចរ​ហិរញ្ញវត្ថុ​របស់​អ្នក ដែល​ធ្លាប់​ផ្តល់​លុយ​ឲ្យ​ពួក​ខ្លួន​កន្លង​មក​។

ទី​៥៖ ប្រជាជន​កម្ពុជា​នៅ​ចង​ចាំ​យ៉ាង​ច្បាស់​ណាស់​ថា កាលពី​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុម​ដដែល​នេះ​បាន​ប្រកាស​វិល​ចូល​ស្រុក​វិញ​ដើម្បី​ចាប់​លោក ហ៊ុន សែន និង​ផ្តួលរំលំ​រដ្ឋាភិបាល ភ្នំពេញ និង​ផ្លាស់​ប្តូរ​របប​។ ប៉ុន្តែ ផែនការ​នោះ​ក៏​ត្រូវ​ទទួល​រង​ការ បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​។

ថ្មី​ៗ​នេះ ក្រុម​ដដែល​នេះ​ក៏​បាន ប្រកាស​ដំណើរ​វិល​ចូល​ស្រុក​ជា​លើក​ទី​២​ក្នុង​គោលបំណង ដូច​គ្នា​គឺ​ចង់​មក​ផ្តួល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា​។ ដូច្នេះ​សំណួរ សួរ​ថា : បើ​ក្រុម​នេះ មាន​គំរោង​មក​ផ្តួល​រដ្ឋាភិបាល​ដដែល ចុះ​ចាំបាច់​អី​ទៅ​សុំ​ឲ្យ​រដ្ឋាភិបាល មួយ​នេះ​ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឲ្យ​ខ្លួន​ធ្វើ​អ្វី? ម្តេច​មិន​រង់ចាំ​ដល់​ពេល​ខ្លួន​ឡើង កាន់​អំណាច ចាំ​ធ្វើ​លិខិតឆ្លងដែន​ខ្លួនឯង​ទៅ? តើ​នេះ​មិនមែន​ជា​នយោបាយ​វិលក្បុង​ជាន់កែង​ខ្លួនឯង​ទេ​ឬ?

ទី​៦៖ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយ​ដំបរ​ស្វា​នេះ​តែងតែ​ប្រកាស​ក្តែ​ង​ៗ​ថា សហគមន៍​អន្តរជាតិ​នឹង​ជួយ​ក្រុម​ខ្លួន​ឲ្យ​បាន​វិល​ចូល​ស្រុក​វិញ​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ឬ​គំនាប​ផ្សេង​ៗ ទៅ​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​។ ពួក​នេះ​តែង​ធ្វើ​នយោបាយ​ពឹង​លើ​បរទេស​ទាំងស្រុង ប៉ុន្តែ ទីបំផុត​គ្មាន​បរទេស​ណា​យកចិត្តទុកដាក់​ជួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នេះ​ឡើយ​។ តាម​មើលទៅ ក្រុម​នេះ​ចៀស​មិន​ផុត​ពី​ត្រូវ​ផ្ញើ​វាសនា​លើ​លោក ហ៊ុន សែន ឡើយ ហើយ​មាន​តែ លោក ហ៊ុន សែន ម្នាក់​គត់​ដែល​ជា​អ្នក​កំណត់​ជោគវាសនា​របស់​ពួក​គេ​។

សរុប​មក​វិញ សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ចុង​ក្រោយ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​កំពុង​វិលក្បុង​ជាមួយនឹង​នយោបាយ​ជាន់កែង​ខ្លួនឯង​។ ពួក​គេ​កំពុង​វង្វេង​លែង​ដឹង​ទិស​តំបន់​ដោយសារ​តែ​នយោបាយ​គ្មាន​យុទ្ធសាស្ត្រ និង​គ្មាន​គោលដៅ​របស់​ខ្លួន​។ ពួក​គេ​កំពុង តែ​អស់ក្បាច់ អស់​ក្រឡា​ដើរ ពីព្រោះ​តែ​ដើរ​ចុះ​ដើរ​ឡើង កូនចៅ​របស់​ខ្លួន ទាំង​ត្រី ទាំង​សេះ ទាំង​ទូក ត្រូវ​គេ​ព័ទ្ធ​ស៊ី​ស្ទើរ តែ​អស់ពី​ក្តារអុក​បាត់​ទៅ​ហើយ​។

ដូច្នេះ ការ​ចេញ​មក​សម្តែង​ល្ខោន​សុំ​សុពលភាព​លិខិតឆ្លងដែន របស់​ក្រុម មួរ សុខ​ហួរ​នេះ ពិតជា​គ្មាន​អ្វី​ក្រៅពី​ការ​លេងល្បែង​ស្វា​លេង​ប៉ា​ហ៊ី​ដើម្បី​ទូងស្គរ​ឲ្យ​អ្នកស្រុក​បែរ​ភ្នែក​ក្រឡេក​មើល មក​ខ្លួន​ខ្លះ​កុំ​ឲ្យ​គេ​បំភ្លេច​ចោល​តែ​ប៉ុណ្ណោះ ក្នុង​ខណៈ​ដែល កូ​វី​ដ​~១៩ កំពុង​ធ្វើ​ឲ្យ​ប្រជាជន នៅ​លើ​ពិភពលោក​ក៏​ដូច​ជា​នៅ​កម្ពុជា​ដែរ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ថែរក្សា​ការពារ​សុខភាព​និង​ជីវភាព​រស់នៅ​របស់​ខ្លួន​និង​ក្រុម​គ្រួសារ​ជា​អាទិភាព សំខាន់​បំផុត​។

ប៉ុន្តែ ល្បែង​ស្វា​លេង​ប៉ា​ហ៊ី​របស់​ក្រុម មួរ សុខ ហួរ មិន​ទទួល​បាន នូវ​សមានចិត្ត​ពី​អ្នកស្រុក​នោះ​ឡើយ​ពីព្រោះ​ប្រជាជន​ខ្មែរ​យល់ ច្បាស់​ណាស់​ថា នេះ​ជា​ល្បែង នយោបាយ​អស់លក្ខ៍ណ ដោយ​មាន​តួ​សម្តែង​មុខ​ដដែល​ៗ រីឯ​អ្នកដឹកនាំ​រឿង​និង​ការ​រៀបចំ​ឈុត​ឆាក​សម្តែង​ក៏​នៅ​តែ​ដដែល​ៗ​គ្មាន​អ្វី​ថ្មី​គួរ​អោយ​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ទាល់តែ​សោះ​។ និយាយ​ឲ្យ​ចំ ការ​សម្តែង​របស់​ពួក​គេ​នេះ​អន់​ជាង​ស្វា​លេង​ប៉ា​ហ៊ី​ទៅ​ទៀត ដែល​គ្មាន​តម្លៃ​សម្រាប់​ពលរដ្ឋ​ខ្មែរ តែ​នៅ​មាន​តម្លៃ​សម្រាប់​ការ​អនុវត្ត​ច្បាប់​៕ ប្រភព៖ VOP