Home ពត៌មាន ព័ត៌មានក្នុងស្រុក ក្រសួងសុខាភិបាល ច្រានចោល​ព័ត៌មាន​បំ​ភ្លើ​ស​ថា មាន​អ្នក​ឆ្លង​កូ​វី​ដ​ជាង​ពាក់កណ្តាល ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​ជាង ៩០០​នាក់

ក្រសួងសុខាភិបាល ច្រានចោល​ព័ត៌មាន​បំ​ភ្លើ​ស​ថា មាន​អ្នក​ឆ្លង​កូ​វី​ដ​ជាង​ពាក់កណ្តាល ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​ជាង ៩០០​នាក់

575
0

អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជាង​ពាក់កណ្តាល ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​ជាង ៩០០​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «៣ វិច្ឆិកា​»​។

ការ​ចេញ​មក​ច្រានចោល​ព័ត៌មាន​ប្រឌិត​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំឡេង​បុរស​ម្នាក់​និយាយ​ចែកចាយ​តាម​បណ្តាញ​សង្គម​នា​ពេល​កន្លង​ទៅ​នេះ​ថា ក្នុង​ចំណោម​មនុស្ស​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​ជាង ៩០០​នាក់ គឺ​មាន​អ្នក​វិជ្ជមាន​រហូត​ដល់​ទៅ​ពាក់កណ្តាល​។

តាម​រយៈ​បណ្តាញ​ព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ អ្នកស្រី យក់ សម្បត្តិ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ជន​ទុច្ចរិត​ដែល​បាន​ប្រឌិត​ព័ត៌មាន​អកុសល​ទាំង​អស់នេះ​ឡើង និង​ចាត់​ទុក​ការ​បំផុស​ព័ត៌មាន​មិន​ពិត​ទាំងនេះ ជា​ចេតនា​ពិសពុល​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ចលាចល​ក្នុង​សង្គម​។

អ្នកស្រី យក់ សម្បត្តិ បាន​គូសបញ្ជាក់​ថា ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «៣ វិច្ឆិកា​» គិត​ចាប់ពី​ថ្ងៃ​ទី​០៤-១១ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​អ្នក​ធ្វើតេស្ត ២,៤៩៧​នាក់​។ ក្នុង​នោះ​អ្នក​ធ្វើតេស្ត​លើក​ទី​១ ចំនួន ១,៦៨០​នាក់ និង​លើក​ទី​២ ចំនួន ៨១៧​នាក់​។ អ្នកស្រី​បាន​អះអាង​ថា សរុប​អ្នក​ធ្វើតេស្ត ២,៤៩៧​នាក់​នេះ មាន​វិជ្ជមាន​តែ ៤​នាក់​ប៉ុណ្ណោះ​។ ក្រៅពី​នោះ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

ទន្ទឹម​នឹង​ការ​ច្រានចោល​ព័ត៌មាន​នេះ​ហើយ អ្នកស្រី យក់ សម្បត្តិ បាន​ស្នើ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយ​បង្កើន​ចំណាត់ការ ដើម្បី​ចាត់ការ​លើ​ក្រុម​ជនខិលខូច​ទាំងនេះ ដើម្បី​ទប់ស្កាត់​ភាព​ចលាចល​ចេញពី​ការ​ប្រឌិត​របស់​ពួក​គេ​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុម​ជនខិលខូច​បាន​ព្យាយាម​ចែកចាយ​ព័ត៌មាន​ប្រឌិត​ជា​ច្រើន​ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​។ ក្រៅ​តែ​ពី​ប្រឌិត​ព័ត៌មាន​បំភ័យ​រឿង​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ច្រើន​ហើយ​នោះ ពួក​គេ​ក៏​បាន​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​បិទ​ប្រទេស បិទ​រាជធានី​-​ខេត្ត​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃនេះ ក៏​បាន​ចេញ​មក​ច្រានចោល​ព័ត៌មាន​ដែល​ពួក​គេ​ប្រឌិត​ថា មានការ​បិទ​ប្រទេស បិទ​រាជធានី​ភ្នំពេញ ខេត្ត ឬ​តំបន់​ណាមួយ​នេះ​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន ចាត់​ទុក​ការ​ប្រឌិត​ព័ត៌មាន​នេះ ជា​ការ​ឃោសនា​អកុសល​របស់​ជន​អាក្រក់ សំដៅ​ធ្វើ​ឱ្យ​ប្រទេស​មាន​ចលាចល​ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ​មិន​បាន​ស្ងប់ចិត្ត ដើម្បី​គេង​ចំណេញ​ខាង​នយោបាយ​តែ​ប៉ុណ្ណោះ​។

ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៣០១​នាក់ (​ស្រី​៦១​នាក់ និង​បុរស​២៤០​នាក់​)​។ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ២៨៨​នាក់ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ១៣​នាក់​៕