Home ពត៌មាន ព័ត៌មានក្នុងស្រុក គ.ជ.ប ថ្លែងការណ៍ថា យុវជននឹងជួបគ្រោះ «សត្រូវជុំទិស» បើបន្តដើរតាម LDP

គ.ជ.ប ថ្លែងការណ៍ថា យុវជននឹងជួបគ្រោះ «សត្រូវជុំទិស» បើបន្តដើរតាម LDP

27
0

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីថ្លែងការណ៍មួយថា យុវជននឹងជួបគ្រោះថ្នាក់ដ៏ធំមួយ ដែលប៉ះពាល់ដល់ជោគវាសនាអនាគតរបស់ខ្លួន បើរដើរតាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ពីព្រោះគណបក្សនេះបានអប់រំបង្រៀន និងផ្ដល់នូវចិត្តគំនិតអាកប្បកិរិយាសម្ដីសំដៅចំនួន៣ សម្រាប់សកម្មជនរបស់គេគឺទី១៖ និយាយអ្វី ក៏មិនស្ដាប់, ទី២៖ ឱ្យធ្វើអ្វី ក៏មិនធ្វើ និងទី៣៖ មានឱកាស គឺប្រឆាំងតបត។

បើតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ, នៅក្នុងដំណាក់កាល នៃការដាក់ពាក្យបណ្ដឹងជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់ពាក្យបណ្ដឹងលើអ្នកចុះឈ្មោះបោះឆ្នោត ក.ច.ប និងអាជ្ញាធរពាក់ព័ន្ធ គ.ជ.ប បានធ្វើការចុះផ្ទាល់ទៅដល់កន្លែងកើតហេតុនីមួយៗ ហើយបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ចំពោះករណីនីមួយៗ ហើយបានសួរនាំសាក្សី និងអ្នកពាក់ព័ន្ធផ្សេងៗទៀត មុននឹងសម្រេចលើបណ្ដឹងនីមួយៗរបស់គណបក្សនេះ។

តាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គ.ជ.ប បានសង្កេត និងកត់សម្គាល់ឃើញនូវគ្រោះថ្នាក់ដ៏ធំមួយ ដែលប៉ះពាល់ដល់ជោគវាសនាអនាគតរបស់យុវជនផ្ទាល់ ដែលដើរតាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ពីព្រោះគណបក្សនេះបានអប់រំបង្រៀន និងផ្ដល់នូវចិត្តគំនិតអាកប្បកិរិយាសម្ដីសំដៅចំនួន៣ សម្រាប់សកម្មជនរបស់គេគឺទី១៖ និយាយអ្វី ក៏មិនស្ដាប់, ទី២៖ ឱ្យធ្វើអ្វី ក៏មិនធ្វើ និងទី៣៖ មានឱកាស គឺប្រឆាំងតបត»

គ.ជ.ប បានលើកឡើងថា ចិត្តគំនិត និងអាកប្បកិរិយាសម្ដីទាំង ៣ប្រភេទនេះ នឹងនាំដល់យុវជនឱ្យស្អប់ខ្ពើមយកជាតិសាសន៍ខ្លួនឯងជាសត្រូវ ជាលទ្ធផលយុវជនទាំងនោះនឹងទទួលមកវិញសុទ្ធតែសត្រូវជុំទិស។

ដើម្បីពង្រឹងកិច្ចសហការជាមួយគណបក្សនយោបាយបន្ថែមអំពីសិទ្ធិ និងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត គ.ជ.បបានធ្វើការរំឮកដល់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ថា មុននឹងធ្វើការចោទប្រកាន់មកលើបុគ្គលណាមួយ ឬស្ថាប័នណាមួយ ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់ជាមុនសិន ដើម្បីមានភស្តុតាងច្បាស់លាស់ និងចៀសវាងការលាបពណ៌ ពីសទៅខ្មៅក្នុងចេតនាញុះញង់ឱ្យសាធារណជនយល់ច្រឡំ រើសអើងជាតិសាសន៍ខ្លួនឯង និងបង្កអសន្តិសុខសង្គម។

គ.ជ.ប ក៏អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្ដល់មតិយោបល់ និងកែសម្រួលករណីមានកំហុសឆ្គងក្នុងន័យរិះគន់ដើម្បីស្ថាបនា ដែលពោរពេញដោយការគោរពសិទ្ធិអ្នកដទៃ មានការយោគយល់គ្នាទៅវិញទៅមក ហើយត្រូវប្រកបដោយសេចក្ដីស្មោះត្រង់ និងការលើកទឹកចិត្ត។

គ.ជ.ប បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជាមួយ គ.ជ.ប បន្តទៀត នៅក្នុងឆ្នាំ២០២១ និងឆ្នាំខាងមុខ ដើម្បីគោរពឱ្យខាងតែបាននូវសិទ្ធិរបស់ម្ចាស់ឆ្នោត និងធានាថាគ្មានទេអស្ថិរភាពក្រោយការបោះឆ្នោត ដោយតម្កល់សន្តិភាព និងការអភិវឌ្ឍជាធំ៕ FreshNews