Home ពត៌មាន ព័ត៌មានក្នុងស្រុក បងប្អូនជីដូនកាប់គ្នា​ឈាមហូរពេញខ្លួន ផ្អើលភូមិនៅស្រុកកំពង់ត្រាច

បងប្អូនជីដូនកាប់គ្នា​ឈាមហូរពេញខ្លួន ផ្អើលភូមិនៅស្រុកកំពង់ត្រាច

75
0

កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១៣ និង ៥០ នាទី មានករណីហិង្សាទៅវិញទៅមក ស្ថិតនៅភូមិឫស្សីស្រុក ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច រវាងគូភាគី ០២ ក្រុមដែលត្រូវជាបងប្អូនជីដូននឹងគ្នា ដែលមានផ្ទះគន្លាតពីគ្នា ៦០ម៉ែត្រ ហើយភាគីទាំងពីរក៏ធ្លាប់មានទំនាស់ពាក្យសម្តីគ្នាពីមុនមកដែរ ប៉ុន្តែពុំធ្លាប់ប្រើប្រាស់អំពើហិង្សាដាក់គ្នាដូចពេលនេះឡើយ។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីខាងលើនេះកើតឡើងដោយគូភាគីទី១ (មានគ្នាចំនួន ៣នាក់ : ឪពុក និងកូនប្រុស ២នាក់) បានជិះម៉ូតូតាមផ្លូវលំក្រួសក្រហមឆ្លងកាត់មុខផ្ទះភាគីទី ២ (មានគ្នាចំនួន ០២ នាក់ : ឪពុក និងកូនប្រុស) ហើយបានមួលរោទ៍ម៉ូតូសំឡេងខ្លាំងៗ ធ្វើឲ្យភាគីទី ២ ខឹងក៏បានយកកាំបិតលៀមមកដេញកាប់លើភាគីទី ១ ឃើញដូច្នេះភាគីទី ១ ក៏បានផ្តួលម៉ូតូចោលរួចរើសបានដំបង រួចប្រើហិង្សាទៅវិញទៅមក បណ្តាលឲ្យភាគីទាំងសង្ខាងរបួសធ្ងន់ រួមទាំងក្មួយប្រុសនៃគូភាគីទាំងពីរដែលចេញមកឃាត់នោះក៏រងរបួសខ្លាំងផងដែរ។

បច្ចុប្បន្ន ភាគីទាំងពីររងបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ជុំវិញករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនគូភាគីទាំងពីរទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន៕