Home ពត៌មាន ព័ត៌មានក្នុងស្រុក គ្រូបង្វឹក​ទ័ពពិសេស សម្ដែងលោតឆត្រយោង​បិទវគ្គ វណ្ឌធ្លាក់ស្លាប់និងរបួស​

គ្រូបង្វឹក​ទ័ពពិសេស សម្ដែងលោតឆត្រយោង​បិទវគ្គ វណ្ឌធ្លាក់ស្លាប់និងរបួស​

23
0

ខេត្តកំពង់ស្ពឺ​៖ ក្រុម​គ្រូ​ប​ង្ហឹ​កមួយ​ក្រុម បាន​ដឹកនាំ​កងទ័ព​ឆត្រយោង លោត​ឆត្រ ដើម្បី​បិទ​វគ្គ​ហ្វឹកហ្វឺន​កង​កុម្ម៉ង់ដូ​ជំនាន់​ទី​១០ នៃ​វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ទី​២៩ និង​បើក​វគ្គ​ហ្វឹក​ហ្វឺ​ឆត្រយោង​ជំនាន់​ទី​៣០ ក៏​ជួបនឹង​គ្រោះ​អកុសល បណ្ដាល​ឲ្យ​លោកគ្រូ​ម្នាក់​បាត់បង់​ជីវិត និង​អ្នក​លោត​ឆត្រ​ម្នាក់​ទៀត​រង​របួសធ្ងន់ កាលពី​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ នៅ​លើ​ទឹកដី​ស្រុក​ឱ​រ៉ា​ល់​។

បើ​តាម​មន្ដ្រី​កងទ័ព​ឆត្រយោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ លឹ​ម សាយ មាន​តួនាទី​ជា​គ្រូបង្វឹក​លោត​ឆត្រយោង មាន​ឋានន្ដរស័ក្ដិ​ជា​វរសេនីយ៍ត្រី (​ស័ក្ដិ​៤) ។ រីឯ​អ្នក​លោត​ឆត្រយោង​ម្នាក់​ទៀត មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​។

ប្រភព​ព័ត៌មាន​ដដែល បាន​បន្ដ​ថា កាលពី​ព្រឹក​កើតហេតុ លោកគ្រូ លឹ​ម សាយ និង ក្រុម​គ្រូ​ប​ង្ហឹ​ក​លោត​ឆត្រ​ចំនួន​១៣​នាក់​ផ្សេង​ទៀត បាន​អនុវត្ត​លោត​ឆត្រ បញ្ជា​សម្តែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កុម្ម៉ង់ដូ​ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី​៣០​នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប៉ុ​ន្ដ​ជា​អកុសល លោកគ្រូ លឹ​ម សាយ បាន​លោត​ខុស​លក្ខណ​:​បច្ចេកទេស ក្នុង​ការ​បញ្ជា​ឆត្រ ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​។ រីឯ​អ្នក​លោត​ឆត្រ​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​។

ដោយឡែក បើ​តាម​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស បាន​សរសេរ នៅ​រសៀល ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ ថា សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ដែល​ចាប់ពី​ពេល​នេះ​តទៅ យើង​បាន​បាត់បង់​នាយទាហាន​ដ៏​ល្អ​មួយ​រូប​ជា​រៀង​រហូត​ហើយ​។ កាលពី​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ លោក​វរសេនីយ៍ត្រី លឹ​ម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង និង​ក្រុម​គ្រូបង្វឹក​១៣​នាក់​ផ្សេង​ទៀត​បាន​អនុវត្ត​លោត​ឆត្រ​បញ្ជា​សម្តែង ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កុម្ម៉ង់ដូ​ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់​។ ប៉ុន្ដែ​នៅ​ពេល​នោះ លោក​វរសេនីយ៍ត្រី លឹ​ម សាយ បាន​ធ្វើ​ខុស​លក្ខណ​:​បច្ចេកទេស ក្នុង​ការ​បញ្ជា​ឆត្រ ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​អង្គភាព​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។ ប៉ុន្ដែ​ដោយសារ​លោកគ្រូ មាន​របួសធ្ងន់​ពេក ទើប​ក្រុម​គ្រូពេទ្យ មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់​បាន​។

ប្រភព​ព័ត៌មាន​ដដែល បាន​បន្ដ​ថា ក្រោយ​ពេល​លោក​វរសេនីយ៍ត្រី លឹ​ម សាយ ស្លាប់ ទើប​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ដដែល អង្គភាព​ទទួល​បាន​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​នេះ​។ ជាមួយ​គ្នា​នេះ ក្រុម​គ្រួ​សារបាន​ស្នើ​សុំ​យក​សព​របស់​លោក​វរសេនីយ៍ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង​។ រីឯ​អង្គភាព និង​នាយទាហាន ពល​ទាហាន នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក៏​ចូលរួម​កម្មវិធី​បុណ្យសព តាម​ប្រពៃណី ហើយ​សូម​ជម្រាប​ដល់​បងប្អូន​មិត្តភក្ដិ​រួម​ជំនាន់ និង អតីត​សិស្ស​ឆត្រយោង សិស្ស​កុម្ម៉ង់ដូ​ទាំងអស់ សូមជ្រាប​ជា​ដំណឹង និង​នាំ​គ្នា​ទៅ​ជូន​ដំណើរ​លោកគ្រូ​ជា​ចុង​ក្រោយ​៕