Home ពត៌មាន ព័ត៌មានក្រៅស្រុក ​ថៃរកឃើញករណី​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ១៨៨​ករណីនៅថ្ងៃនេះ

​ថៃរកឃើញករណី​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ១៨៨​ករណីនៅថ្ងៃនេះ

44
0

ថៃ​៖ មជ្ឈមណ្ឌល​រដ្ឋបាល​សម្រាប់​ស្ថានភាព​ជំងឺ COVID-19 (CCSA) នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០២១ បាន​រាយការណ៍​ពី​ករណី​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ១៨៨​ករណី នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ ដោយ​ក្នុង​នោះ​មាន ១៥៤​នាក់ ជា​ករណី​ក្នុង​សហគមន៍ ដែល​នាំ​ឱ្យ​ចំនួន​ករណី​សរុប​កើនឡើង​ដល់ ១១ ៤៥០ ករណី​។ ពុំ​មានការ​ស្លាប់​ថ្មី​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ ដូច្នេះ​ការ​ស្លាប់​សរុប​នៅ​មាន ៦៩​នាក់ ដដែល នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Pattaya News ។

ក្នុង​ចំណោម​ករណី​ក្នុងស្រុក​ទាំងអស់​មាន ៨១​នាក់ ជា​ពលរដ្ឋ​ក្នុង​សហគមន៍ និង ៧៣​នាក់ ផ្សេង​ទៀត​គឺជា​ពលករ​ថៃ ឬ​ពលករ​បរទេស ដែល​ត្រូវ​បាន​គេ​តាមដាន​បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​ករណី COVID-19 នៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន​។ ដូច្នេះ​មាន​ន័យ​ថា មាន​តែ ៨១ នាក់​ប៉ុណ្ណោះ ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍ ចំណែក​ពលករ​ដែល​វិជ្ជមាន​ផ្សេង​ទៀត ត្រូវ​បាន​គេ​ដាក់​នៅ​កន្លែង​ដាច់​ដោយឡែក មុន​ពេល​រក​ឃើញ​ថា​មាន​ជំងឺ​។

នៅ​ក្នុង​រូបភាព​ផែនទី​ខាងក្រោម​នេះ ក៏​បាន​បង្ហាញ​ពី​ខេត្ត​ដែល​មានការ​ឆ្លង​ជំងឺ COVID-19 ចាប់តាំងពី​ការ​ផ្ទុះ​ដំបូង​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ទៅ​តាម​កូដ​ពណ៌​ដែល​រៀបចំ​ដោយ​រដ្ឋ​។ ពណ៌​ទាំងនេះ​បង្ហាញ​ពី​ការ​ចម្លង​រាលដាល​ខ្លាំង ឬ ខ្សោយ ទៅ​តាម​តំបន់​ខុស​ៗ​គ្នា​។ ជាក់ស្ដែង​ដូច​ជា​៖ ពណ៌​ស គឺ​តំណាង​ថា​គ្មាន​ករណី​ត្រូវ​បាន​រក​ឃើញ​, ពណ៌​បៃតង គឺ​គ្មាន​ករណី​ក្នុង​រយៈពេល ៧​ថ្ងៃ ចុង​ក្រោយ​នេះ​, ពណ៌​លឿង គឺ​មាន​ករណី​តិចតួច ក្នុង​រយៈពេល ៧​ថ្ងៃ ចុង​ក្រោយ​, ពណ៌​ទឹកក្រូច គឺ​មាន​ពី ១១ ទៅ ៥០ ករណី និង ពណ៌​ក្រហម គឺ​មាន​ច្រើន​ជាង ៥០ ករណី ៕