បន្ទាយមានជ័យ៖ បុរសម្នាក់បានខឹងសម្បានឹងប្អូនបង្កើតរបស់ខ្លួនយករថយន្តបើកដើរលេងមិន ប្រាប់ខ្លួន ដល់ត្រឡប់មកវិញក៏ជជែកគ្នារហូតដល់ផ្ទុះហិង្សាឈានដល់ដុតរថយន្តខ្លួនឯងចោលបង្កការ ភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ ស្ថិតភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ បុរសដែលដុតរថយន្តខ្លួនឯងចោលនោះមានឈ្មោះ ផុន សក្កដា ហៅដា អាយុ៣០ឆ្នាំ និងប្អូនឈ្មោះ ផុន ឧភាល័យ ហៅណាផា អាយុ២៥ឆ្នាំ។ ដោយឡែករថយន្តម៉ាកTOYOTA CAMARY CROWN ពណ៌ត្រេអ៊ី សេរី០១។ មុនពេលកើតហេតុគឺប្អូនរបស់ឈ្មោះ ផុន សក្កដា បានយករថយន្តបើកដើរលេងហើយបានខឹងសម្បាយ៉ាងខ្លាំង ខណៈដែលប្អូនរបស់ខ្លួនត្រឡប់វិញក៏កើតមានសម្តីប្រកែកគ្នាយ៉ាងខ្លាំងទើបឈានដល់ផ្ទុះហិង្សាដុតរថយន្តរបស់ខ្លួនចោលតែម្តង។
ក្រោយពេលកើតហេតុដូច្នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានបញ្ជាឲ្យក្រុមបង្កា និងពន្លត់អគ្គិភ័យចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗផងដែរ ចៀសវាងការឆាបឆេះរាលដាលដល់ផ្ទះសម្បែងពលរដ្ឋជាយថាហេតុ៕


ប្រភព៖ អគ្គស្នងការនគរបាលជាតិ