កំពង់ធំ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ នៅថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤នឹង៤៨នាទី លើកំណាត់ផ្លូវជាតិលេខ៧១ ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្ត្រីនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថាភាគីម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BI-7015 (ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ សុន សំបាន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិអូរដារ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)(មុខរបរកម្មករមកពីប្រទេសកូរ៉េ) ឌុបប្រពន្ធឈ្មោះ នាង ខី អាយុ៥៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)(មុខរបរកម្មករមកពីប្រទេសកូរ៉េ)។
ចំណែកខាងរថយន្តម៉ាកLexus Rx300 ពណ៌ទឹកមាស ស្លាកលេខ បន្ទាយមានជ័យ 2B-9977 (ទិសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកនូវស្លាកលេខជ្រុះជាប់ជាមួយម៉ូតូ)។
មន្ត្រីនគរបាលដដែលបន្តថាមូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុករថយន្តដែរកំពុងចរាចរក្នុងកន្លងផ្លូវផ្ទុយទិស។ ក្រោយកើតហេតុសមត្ថកិច្ចបានវាសវែងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ចំណែកសពសមត្ថកិច្ចបានធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ប្រភព៖ អគ្គស្នងការនគរបាលជាតិ